សហគ្រិនខ្មែរវ័យក្មេង​ម្នាក់នេះ​ធ្វើការឲ្យគេដោយមានគោលដៅរហូត​ទិញក្រុមហ៊ុនមេដោយជោគជ័យ

សហគ្រិនខ្មែរវ័យក្មេង​ម្នាក់នេះ​ធ្វើការឲ្យគេដោយមានគោលដៅរហូត​ទិញក្រុមហ៊ុនមេដោយជោគជ័យ

សហគ្រិនវ័យក្មេង​មាឌស្តើង​របស់កម្ពុជាមួយរូបគឺ​លោក​​ផូសោភ័ណ្ឌ​បានចាប់ផ្តើមការងារនៅក្នុងក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ដែលរកសុី​ខាងសេវាកម្មបង្កើតវេបសាយ។ តែមួយឆ្នាំប៉ុណ្ណោះ​​គាត់បានបំលែងខ្លួនពីអ្នកធ្វើការឲ្យគេក្លាយជាម្ចាស់​ក្រុមហ៊ុនដែលខ្លួនបានធ្វើការឲ្យ។

សព្វថ្ងៃក្រុមហ៊ុនដែលគាត់បានទិញពីមេចាស់​​ត្រូវបានលោកដូរឈ្មោះថ្មី ​ដូររបៀបដឹកនាំថ្មី​​ ធ្វើឲ្យ​ក្រុមហ៊ុន​ចាស់ ឈ្មោះថ្មី មុខមាត់ថ្មីនេះ​កំពុងតែមានភ្ញៀវច្រើនមិនធ្លាប់មានពីមុនមកទេ។ ក្រុមហ៊ុនរបស់គាត់ឈ្មោះថ្មីគឺ​ Phsar Tech ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មបង្កើតវេបសាយ។ ​ក្រោយលោកបានក្លាយជា​ម្ចាស់ក្រុមហ៊ុន ​គាត់បានដាក់នូវគោលការណ៍ថ្មីៗជាច្រើន ​​ដើម្បីធ្វើការឲ្យមានប្រសិទ្ធិភាពជាងមុន​និង​ទទួលភ្ញៀវឲ្យបានល្អជាងមុន។

លោក​ផូ​សោភ័ណ្ឌបានបង្ហើបប្រាប់​ថា​ដើម្បីបំលែងខ្លួនពីបុគ្គលិកគេ​ទៅជាម្ចាស់ក្រុមហ៊ុន​បាន ​​លោកអ្នក​ត្រូវតែដាក់បេះដូងមកធ្វើការ។ ​លោកបានពន្យល់ថា​ពេលលោកនៅកំពុងធ្វើការ ​គាត់មិនបាន​ធ្វើការ​ចាំតែ​ដាច់ខែយកប្រាក់ខែនោះទេ។​ ផ្ទុយទៅវិញគាត់បានខំធ្វើការ​ខ្លាំងជាម្ចាស់ដើមរបស់គាត់ទៅទៀត​ហើយគាត់ក៏បាន​ឆ្លៀត​អភិវឌ្ឍខ្លួនឯងបន្ថែមទៀតដែរ​ដើម្បីធ្វើយ៉ាងណា​រកជោគជ័យដល់ក្រុមហ៊ុន​ទោះ​គាត់ជាបុគ្គលិកគេក៏ដោយ។
បន្ទាប់ពីបានយកបេះដូងមកធ្វើការរាល់ហើយ​យុវជន​ផូសោភ័ណ្ឌ​ក៏បានកំណត់គោលដៅរួចទៅហើយ​ថា​ថ្ងៃណាមួយ​បើមានឳកាស​នោះគាត់នឹងទិញក្រុមហ៊ុនមួយនេះ​ឲ្យខាតតែបាន។​ គោលដៅនេះស្តាប់ទៅ​ដូចជាពិបាកសំរេចណាស់​តែសំណាងល្អសម្រាប់​សោភ័ណ្ឌ​គាត់បានជួបនូវឳកាសមួយនេះ​នៅពេលដែល​មេចាស់គាត់ប្រហែលទំនងជាធុញថប់នឹងអាជីវកម្មមួយនេះ​បានសម្រេចលក់ក្រុមហ៊ុនមួយនេះចេញ។​ដោយមិនរង់ចាំយូរគាត់ក៏បានចាប់យកឳកាសមួយនេះទៅ។

តាមរយះសាច់រឿង​របស់​សហគ្រិនផូ​សោភ័ណ្ឌ​ខាងលើនេះ​មានពីរចំណុចដែលអ្នកត្រូវចាំ​ដើម្បីកំុឲ្យធ្វើការឲ្យគេអស់មួយជីវិត។ ​ទី១​អ្នកត្រូវទៅធ្វើការដោយយកបេះដូងទៅជាមួយផង​កុំទៅតែខ្លួន​ទទេរ​ហើយ​ចាំតែចុងខែបើកប្រាក់ខែ។ ​ទី២​អ្នកត្រូវកំណត់គោលដៅ​ក្នុងការទៅធ្វើការ​កុំចេះតែធ្វើ​ដោយឥត​គោលដៅ៕

ប្រភព៖ https://www.business-cambodia.com/article/this-young-khmer-entrepreneur-works-for-them-with-a-permanent-goal


Leave a Reply

Your email address will not be published. Required fields are marked *