លោក ផូ សោភ័ណ្ឌ បង្ហើបរឿងគួរធ្វើចំនួន ៣ យ៉ាងបើសិនជាចង់ផ្លាស់ប្ដូរជីវិតរបស់ខ្លួនឱ្យរីកចម្រើនលឿន

លោក ផូ សោភ័ណ្ឌ បង្ហើបរឿងគួរធ្វើចំនួន ៣ យ៉ាងបើសិនជាចង់ផ្លាស់ប្ដូរជីវិតរបស់ខ្លួនឱ្យរីកចម្រើនលឿន

ការទទួលបាននូវភាពរីកចម្រើន ឬភាពជោគជ័យទាំងវ័យក្មេងគឺជាបំណងប្រាថ្នារបស់មនុស្សស្ទើរតែគ្រប់រូប។ ប៉ុន្តែដើម្បីទទួលបានភាពរីកចម្រើនទៅមុខលឿន យើងក៏មិនគួរគិត និងធ្វើតែសកម្មភាពសាមញ្ញៗធម្មតាដូចមនុស្សទូទៅភាគច្រើននោះដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយលោក ផូ សោភ័ណ្ឌ ដែលបច្ចុប្បន្នគឺជា CEO​ វ័យក្មេង របស់ក្រុមហ៊ុនបច្ចេកវិទ្យា PHSAR TECH ដែលកំពុងតែទទួលបានការនិយមគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជននោះ លោកបានចែករំលែកនូវបទពិសោធន៍ជីវិតដ៏មានតម្លៃចំនួន ៣ ដែលអាចធ្វើឱ្យជីវិតមនុស្សម្នាក់មានភាពរីកចម្រើនលឿនក្នុងជីវិត។ ចំណុចសំខាន់ៗទាំង ៣នោះមានដូចជា៖

១. គិតហើយធ្វើ៖ មានមនុស្សជាច្រើនណាស់ដែលពួកគេមានគំនិតល្អៗ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយគឺពួកគេបានត្រឹមតែគិតតែប៉ុណ្ណោះ ហើយពួកគេមិនបានយកគំនិតរបស់ពួកគេទៅធ្វើសកម្មភាពដើម្បីបង្កើតឱ្យចេញជាលទ្ធផលនោះទេ។ តាមបទពិសោធន៍របស់លោកផ្ទាល់ លោកចង់លើកទឹកចិត្តឱ្យមនុស្សគ្រប់រូប​ជាពិសេសយុវវ័យតែម្ដង គួរតែព្យាយាមយកគំនិតល្អៗដែលខ្លួនមានទៅអនុវត្តន៍ឱ្យចេញជាលទ្ធផល ហើយកុំភ័យខ្លាចថាខុស ឬខ្លាចគេថាឱ្យសោះ។ ​អ្វីដែលសំខាន់ បើសិនជាអ្នកបង្កើតកំហុស គឺអ្នកគ្រាន់តែរៀនសូត្រពីកំហុសទាំងនោះ ហើយកែប្រែវាកុំឱ្យខុសដដែលៗបានហើយ។

២. ដាក់សម្ពាធឱ្យខ្លួនឯង៖ ជាទូទៅនៅពេលណាដែលមនុស្សរស់នៅក្នុងជីវិតងាយស្រួលពេកគឺពួកគេនឹងមិនសូវមានភាពរីកចម្រើននោះទេ ហើយពួកគេក៏នឹងមានពេលវេលាដើម្បីធ្វើរឿងឥតប្រយោជន៍ច្រើនដែលនេះគឺជាការខ្ជះខ្ជាយពេលវេលា។ ដូច្នេះពេលខ្លះយើងត្រូវចេះដាក់សម្ពាធខ្លះឱ្យខ្លួនឯង ដើម្បីឱ្យខ្លួនកាន់តែខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំង។
៣. ស្គាល់ពីខ្លួនឯង៖ ចំណុចសំខាន់មួយទៀតដែលជួយឱ្យជីវិតមនុស្សមានភាពរីកចម្រើនគឺការស្គាល់ពីខ្លួនឯង។ ស្គាល់ពីខ្លួនឯងក្នុងន័យនេះ គឺសម្ដៅទៅលើការស្គាល់ពីភាពខ្លាំង ភាពខ្សោយ គោលដៅ ចំណង់ចំណូលចិត្តរបស់ខ្លួនឯងជាដើម។ ការស្គាល់ពីខ្លួនឯង ហើយធ្វើអ្វីៗដែលត្រូវជាមួយនឹងខ្លួនឯងគឺនឹងធ្វើឱ្យជីវិតរបស់ពួកគេមានភាពរីកចម្រើនលឿនជាងមនុស្សដែលធ្វើអ្វីមួយខុសពីភាពខ្លាំងរបស់ខ្លួន។ ជាក់ស្ដែងសម្រាប់រូបលោកផ្ទាល់ លោកបានដឹងពីខ្លួនឯងថាមានភាពខ្លាំងខាងផ្នែកព័ត៌មានវិទ្យា ហើយជំនាញនេះក៏ត្រូវជាមួយនឹងចំណង់ចំណូលចិត្តរបស់លោកថែមទៀតផង ដែលជាហេតុធ្វើឱ្យលោកមានការខិតខំប្រឹងប្រែងតស៊ូពុះពារជម្នះជាមួយនឹងឧបសគ្គផ្សេងៗជាច្រើន រហូតធ្វើឱ្យជីវិតរបស់លោកមានភាពរីកចម្រើនជាបន្តបន្ទាប់មកដល់ចំណុចនេះ។

ជារួមមកវិញប្រសិនបើអ្នកចង់ឱ្យជីវិតមានភាពរីកចម្រើនលឿន អ្នកគួរតែមានគំនិតដ៏ល្អយ៉ាងតិចមួយ ហើយត្រូវព្យាយាមយកគំនិតនោះទៅធ្វើសកម្មភាពឱ្យវាចេញជាលទ្ធផលទើបជាការប្រសើរ។ មួយវិញទៀតគឺកុំចូលចិត្តប្រើជីវិតរស់នៅតែក្នុងភាពស្រណុកសុខស្រួលខ្លាំងពេក គួរតែចេះដាក់សម្ពាធមួយចំនួនដើម្បីវាស់ស្ទង់សមត្ថភាពរបស់អ្នក ឱ្យកាន់តែមានការខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងឡើងៗ និងចុងក្រោយគឺត្រូវស្គាល់ពីខ្លួនឯងឱ្យបានច្បាស់លាស់បំផុត កាន់តែលឿនគឺកាន់តែល្អ។

អត្ថបទដោយ៖ឡុង វឌ្ឍនៈ (Leadership Writer)

បើចូលចិត្តអត្ថបទនេះសូមជួយចុច Like ផេកផ្ទាល់ខ្លួនខ្ញុំhttps://web.facebook.com/LongVathaNakk

TEL: 096 35 17 713/ 077 656 051

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ”ដែលជាសៀវភៅស័ក្តិសមបំផុតសម្រាប់អ្នកដែលមិនស្គាល់ពីខ្លួនឯងជានរណា? ជីវិតជួបបញ្ហា ការព្រួយបារម្ភ ពិបាកចិត្ត គិតច្រើន ជីវិតមិនសូវមានភាពសប្បាយរីករាយ ឬមនុស្សដែលកំពុងតែធ្លាក់ទឹកចិត្ត។

ប្រភព៖ https://www.business-cambodia.com/article/mr-sophorn-phou-ceo-phsar-tech


Leave a Reply

Your email address will not be published. Required fields are marked *